គោលការណ៍​បញ្ចេញ​ព័ត៌មាន Family Link សម្រាប់​មាតាបិតា​របស់​កុមារ​ដែល​មាន​អាយុ​ក្រោម 13 ឆ្នាំ (ឬអាយុ​ដែល​បាន​កំណត់​នៅ​ក្នុង​ប្រទេស​របស់​អ្នក)

មើល​សេចក្ដីជូនដំណឹង​អំពីឯកជនភាព​សម្រាប់​កម្រងព័ត៌មាន និង​គណនី Google ដែល​ស្ថិតក្រោមការគ្រប់គ្រង​ដោយប្រើ Family Link សម្រាប់​កុមារ​ក្រោម​អាយុ 13 ឆ្នាំ (ឬ​អាយុ​ដែល​បាន​កំណត់​នៅ​ក្នុង​ប្រទេស​របស់​អ្នក)

ស្វាគមន៍​មាតាបិតា!

ការជឿទុកចិត្ត​របស់​អ្នក​គឺ​ជា​អាទិភាព​របស់​យើង ហើយ​ការអនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​មាន​គណនី Google គឺ​ជា​ការសម្រេចចិត្ត​ដ៏​សំខាន់​មួយ។ សូម​ចំណាយ​ពេល​មួយ​ភ្លែត​ក្នុង​ការពិនិត្យ​មើល​ព័ត៌មាន​សំខាន់​នេះ ដើម្បី​ស្វែងយល់​បន្ថែម។

គណនី Google របស់កូនអ្នក

គណនី Google របស់​កូន​អ្នក​គឺ​ដូច​គណនី​របស់​អ្នក​ដែរ និង​ផ្ដល់​សិទ្ធិចូលប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​របស់ Google ជាច្រើន រួមទាំង​សេវាកម្ម​ដែល​មិនត្រូវបាន​រចនា ឬ​រៀបចំ​ឡើង​សម្រាប់​កុមារ។ កូន​របស់​អ្នក​ប្រហែលជា​អាច​ប្រើប្រាស់​គណនី​របស់​គាត់ ដើម្បី​ធ្វើ​អ្វីៗ​ដូចជា៖

  • សួរ​សំណួរ ចូលប្រើ និងស្វែងរកលើ​អ៊ីនធឺណិត​ដោយប្រើ Google Assistant, Chrome, ម៉ាស៊ីនស្វែងរក និងមុខងារ AI ដែលមានសមត្ថភាពបង្កើតផ្សេងទៀត

  • ប្រាស្រ័យទាក់ទង​ជាមួយ​អ្នកដទៃ​ដោយប្រើ Gmail, SMS, វីដេអូ, សំឡេង និង​វិធី​ប្រាស្រ័យទាក់ទង​ផ្សេង​ទៀត

  • ទាញយក ទិញ និង​រីករាយ​ជាមួយ​កម្មវិធី ហ្គេម តន្ត្រី ភាពយន្ត និង​អ្វីៗ​ជាច្រើន​ទៀត

  • បង្កើត មើល និង​ចែករំលែក​រូបថត វីដេអូ បទបង្ហាញ ឯកសារ និង​ខ្លឹមសារ​ផ្សេង​ទៀត

  • តាមដាន​ព័ត៌មាន​អំពីសុខភាព និង​សម្បទា រួមទាំងកម្រិត​សកម្មភាព និងចង្វាក់​បេះដូង​នៅក្នុង Google Fit (ផ្អែកលើឧបករណ៍​របស់កូនអ្នក)

  • មើល​ឃើញ​ការផ្សាយ​ពាណិជ្ជកម្ម​តាម​បរិបទ ពេលកំពុង​ប្រើប្រាស់​សេវាកម្ម Google។

Family Link និង​ការគ្រប់គ្រងរបស់មាតាបិតា

កម្មវិធី Family Link របស់ Google ត្រូវបាន​រចនាឡើង ដើម្បី​ជួយ​អ្នក​កំណត់​គោលការណ៍​មូលដ្ឋាន និង​តម្រង់ទិសកូនរបស់អ្នកក្នុងការប្រើប្រាស់ នៅពេល​គាត់រុករក​នៅលើ​អ៊ីនធឺណិត។ កូនរបស់អ្នកនឹងក្លាយជាផ្នែកមួយនៃក្រុមគ្រួសារ Google របស់អ្នក ដែលអ្នកអាចប្រើ ដើម្បីចែករំលែកសេវាកម្ម Google ជាមួយកូនរបស់អ្នក និងសមាជិក​គ្រួសារផ្សេងទៀតរហូតដល់បួននាក់។ អ្នក​នឹង​អាច​បញ្ចូល​មាតាបិតាម្នាក់ទៀតនៅពេល​ក្រោយ ដើម្បី​ជួយ​គ្រប់គ្រង​គណនី​របស់​កូន​អ្នក។ មាតាបិតា​អាចប្រើ Family Link ដើម្បី​ធ្វើ​សកម្មភាពផ្សេងៗ​ដូចជា៖

  • កំណត់​រយៈពេល​កំណត់​សម្រាប់​ប្រើប្រាស់​ឧបករណ៍ Android ឬ ChromeOS របស់កូន​អ្នក។

  • មើល​ទីតាំង​ឧបករណ៍ Android ដែលសកម្ម និងបាន​ចូល​គណនីរបស់​កូនអ្នក។

  • អនុញ្ញាតចំពោះការទាញយក និងការទិញ​របស់​កូនអ្នក​នៅលើ Google Play ឬ​ដាក់កំហិតលើ​លទ្ធភាពមើលឃើញ​ខ្លឹមសារ ដោយផ្អែកលើ​ការវាយតម្លៃ​ភាពសមស្រប

  • ជួយ​កូន​របស់​អ្នក​ជ្រើសរើស​ប្រភេទ​សកម្មភាព ដែល​អាច​រក្សាទុក​នៅក្នុង​គណនី Google របស់គាត់ និង​របៀបដែល​គណនីនោះ​អាច​ត្រូវបានប្រើ ដើម្បី​កំណត់​បទពិសោធន៍​ប្រើប្រាស់ឱ្យស្របនឹង​គាត់។

  • គ្រប់គ្រង​ការកំណត់ដូចជា​ ការស្វែងរក​ដោយ​សុវត្ថិភាព​សម្រាប់ម៉ាស៊ីនស្វែងរក​នៅ​លើ Google។

  • ពិនិត្យមើល​ការអនុញ្ញាត​កម្មវិធី​របស់​កូន​អ្នកដូចជា សិទ្ធិចូល​ប្រើ​មីក្រូហ្វូន កាមេរ៉ា និង​ទំនាក់ទំនង​នៅលើ Android និង ChromeOS។

  • ផ្លាស់ប្ដូរ​ខ្លឹមសារ សិទ្ធិចូលប្រើប្រាស់ និង​ការកំណត់​ផ្សេងទៀត​សម្រាប់​បទពិសោធ​ប្រើប្រាស់ YouTube រួមទាំង YouTube និង YouTube Kids។

ទោះបី​ជា​ការគ្រប់គ្រង​ដោយ​មាតាបិតា​របស់ Family Link អាច​ជួយ​អ្នក​មើល​ការខុសត្រូវ និង​គ្រប់គ្រង​បទពិសោធន៍​ប្រើប្រាស់​របស់​កូន​អ្នក​ក៏​ដោយ ក៏​មាន​ការដាក់កំហិត​ដែល​អ្នក​គួរតែ​ចងចាំ៖

  • ទោះបី​ជាការគ្រប់គ្រងដោយមាតាបិតារបស់ Family Link ជាច្រើនអាចគ្រប់គ្រងនៅលើបណ្ដាញក៏ដោយ ក៏អ្នកនឹងនៅតែត្រូវការកម្មវិធី Family Link នៅលើ AndroidiOS ដដែល ដើម្បីគ្រប់គ្រងមុខងារមួយចំនួនដូចជា ​ការដាក់កំហិតលើរយៈពេលប្រើប្រាស់ឧបករណ៍ជាដើម។

  • ការកំណត់ ដូចជា​ការស្វែងរក​ដោយ​សុវត្ថិភាព, ការដាក់​កំហិត​គេហទំព័ររបស់ Chrome និង​តម្រង Play Store អាច​ជួយ​រឹតត្បិត​ការចូល​ប្រើ​ខ្លឹមសារ​មិនសមរម្យ ប៉ុន្តែ​ការកំណត់​ទាំងនេះ​មិន​ល្អឥត​ខ្ចោះ​នោះទេ។ មុខងារ AI ដែលមានសមត្ថភាពបង្កើតអាច​ប្រឌិត​សាច់រឿងឡើង ឬ​យល់​សំណួរខុស ដូច្នេះ​អ្នក​ប្រហែលជាចង់រំលឹក​កូន​របស់​អ្នក​ឱ្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជាមួយ​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន។ សូម្បី​នៅ​ពេល​ការគ្រប់គ្រង​ទាំងនេះ​ត្រូវបាន​បើក​ក៏​ដោយ ក៏​កូន​របស់​អ្នក​នៅ​តែ​អាច​ចូល​មើល​ខ្លឹមសារ​ដែល​អ្នក​មិន​ចង់​ឱ្យ​គាត់​ឃើញ​ដែរ។

  • មិន​ត្រូវការ​ការអនុញ្ញាត​ពី​មាតាបិតា​ទេ នៅពេល​កូន​របស់​អ្នក​ទាញយក​ឡើង​វិញ​នូវ​កម្មវិធី ឬ​ខ្លឹមសារ​ផ្សេង​ទៀត​ដែល​ត្រូវបាន​អនុញ្ញាត​ពីមុន ដំឡើង​កំណែ​កម្មវិធី​ថ្មី (សូម្បីតែ​កំណែថ្មី​ដែល​បញ្ចូល​ខ្លឹមសារ ឬ​ស្នើសុំ​ទិន្នន័យ​ឬ​ការអនុញ្ញាត​បន្ថែម​ក៏ដោយ) ឬ​ទាញយក​ខ្លឹមសារ​ដែល​បានចែករំលែក​ពី​បណ្ណាល័យ​គ្រួសារ Google Play របស់​អ្នក។

  • មុខងារ Family Link មួយចំនួន​អាច​ប្រើប្រាស់​បាន​ដោយ​មាន​កំណត់ ព្រមទាំង​ត្រូវការ​ការកំណត់​និង​កាលៈទេសៈ​ជាក់លាក់ ដើម្បី​ដំណើរការ​បាន។ ឧទាហរណ៍ ការទប់ស្កាត់​កម្មវិធី​អាច​ធ្វើបាន​តែ​នៅពេល​កូន​របស់​អ្នក​ចូល​ឧបករណ៍ Android ឬ ChromeOS ដែល​ត្រូវគ្នា​ប៉ុណ្ណោះ ហើយ​ការមើលឃើញ​ទីតាំង​ឧបករណ៍​របស់​កូន​អ្នក​នៅក្នុង​កម្មវិធី Family Link អាច​ធ្វើបាន​តែ​នៅពេល​ឧបករណ៍ Android របស់​គាត់​បើក និង​ភ្ជាប់​​អ៊ីនធឺណិត​ប៉ុណ្ណោះ។

នៅពេលកូនរបស់អ្នកមានអាយុ 13 ឆ្នាំ (អាយុអាចខុសគ្នាទៅតាមប្រទេស) គាត់អាចជ្រើសរើសគ្រប់គ្រងគណនីរបស់គាត់ដោយផ្ទាល់ ដោយមិនចាំបាច់មានការគ្រប់គ្រងពីអ្នកឡើយ។

គោរព​អ្នកដទៃ

សេវាកម្មជាច្រើនរបស់យើងអនុញ្ញាតឱ្យកូនរបស់អ្នកធ្វើអន្តរកម្មជាមួយអ្នកដទៃទៀតដែលប្រើសេវាកម្មរបស់យើង។ យើងចង់រក្សាមជ្ឈដ្ឋានដែលមានការគោរពសម្រាប់អ្នករាល់គ្នា។ នេះមានន័យថា កូនរបស់អ្នកត្រូវតែអនុវត្តតាមវិធានប្រតិបត្តិមូលដ្ឋាន ដូចជាមិនបំពានឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃឬខ្លួនឯង (ឬគំរាមកំហែង ឬលើកទឹកចិត្តឱ្យមានការបំពាន ឬបង្កគ្រោះថ្នាក់បែបនេះ) ឧទាហរណ៍ តាមរយៈការនាំឱ្យយល់ខុស ការបោកប្រាស់ ការបរិហារកេរ្តិ៍ ការសម្លុតធ្វើបាប ការបៀតបៀន ការឈ្លបតាមដានអ្នកដទៃ ឬតាមរយៈការចែកចាយខ្លឹមសារដែលបង្កការស្អប់ខ្ពើមជាសាធារណៈ (ដូចជាខ្លឹមសារញុះញង់ឱ្យមានការស្អប់ខ្ពើម ឬការរើសអើងពាក់ព័ន្ធនឹងដើមកំណើត ពូជសាសន៍ សាសនា ភេទ និន្នាការផ្លូវភេទរបស់មនុស្ស។ល។) នៅពេលប្រើប្រាស់សេវាកម្មរបស់យើង។ ការបោះផ្សាយខ្លឹមសារដែលបង្កការស្អប់ខ្ពើមអាចធ្វើឱ្យអ្នក និងកូនរបស់អ្នកប្រឈមនឹងការទទួលខុសត្រូវចំពោះការបំពានក្រមរដ្ឋប្បវេណី ឬក្រមព្រហ្មទណ្ឌ។

ឯកជនភាព​របស់​កូន​អ្នក

ដើម្បី​អាចឱ្យ​កូនរបស់អ្នក​មានកម្រង​ព័ត៌មាន ឬ​គណនី Google របស់គាត់ផ្ទាល់ យើងអាច​ត្រូវការ​ការអនុញ្ញាត​ពីអ្នក ដើម្បី​ប្រមូល ប្រើ ឬបញ្ចេញ​ព័ត៌មាន​របស់កូនអ្នក ដូចដែលមានពណ៌នា​នៅក្នុងសេចក្ដីជូន​ដំណឹង​អំពីឯកជនភាព​នេះ និងគោលការណ៍ឯកជនភាព Google។ នៅពេលអ្នក​អនុញ្ញាតឱ្យ​កូនរបស់អ្នក​ប្រើសេវាកម្ម​របស់យើង មានន័យថា អ្នក និង​កូនរបស់អ្នក​ជឿទុកចិត្ត​លើយើង​ចំពោះ​ព័ត៌មាន​របស់អ្នក។ យើង​ដឹងថា នេះ​គឺជា​ការទទួលខុសត្រូវ​ដ៏ធំ​មួយ និង​ប្រឹងប្រែង​ការពារ​ព័ត៌មាន​របស់​អ្នក ព្រមទាំង​ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​គ្រប់គ្រង។ អ្នកអាចជ្រើសរើសថាតើ​កូនរបស់អ្នក​អាចគ្រប់គ្រង​ការត្រួតពិនិត្យសកម្មភាព​របស់គាត់បានឬអត់​សម្រាប់អ្វីៗ ដូចជា​សកម្មភាព​កម្មវិធីនិង​គេហទំព័រ, ប្រវត្តិ​នៅលើ YouTube និង​ការភ្ជាប់​សេវាកម្ម Google ជាក់លាក់​នៅក្នុង​តំបន់ដែល​ពាក់ព័ន្ធ។

ការ​ជូន​ដំណឹង​អំពីឯកជនភាពសម្រាប់កម្រងព័ត៌មាន និងគណនី​ Google ដែលស្ថិតក្រោមការគ្រប់គ្រង​ដោយប្រើ Family Link សម្រាប់កុមារអាយុក្រោម 13 ឆ្នាំ (ឬអាយុ​ដែល​បានកំណត់នៅ​ក្នុងប្រទេស​របស់អ្នក) នេះ និងគោលការណ៍ឯកជនភាព Google ពន្យល់អំពីការអនុវត្តឯកជនភាពរបស់ Google។ ក្នុង​វិសាលភាព​ដែល​មាន​ការអនុវត្ត​ឯកជនភាព​ដែលពាក់ព័ន្ធជាក់លាក់នឹង​កម្រង​ព័ត៌មាន ឬ​គណនី​របស់​កូន​អ្នក ដូចជា​ទាក់ទង​នឹង​ការដាក់​កំហិត​លើ​ការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួន​ជាដើម ភាពខុស​គ្នា​ទាំង​នោះ​ត្រូវ​បាន​គូស​បញ្ជាក់​នៅ​ក្នុង​ការជូនដំណឹង​អំពី​ឯកជនភាព​នេះ។

ការជូនដំណឹង​អំពី​ឯកជនភាព​នេះ​មិន​អនុវត្ត​​ចំពោះ​​កម្មវិធី សកម្មភាព ឬ​គេហទំព័រ (មិន​មែនជារបស់ Google) ​ភាគី​ទី​បី​ទាំងឡាយ ​ដែល​កូន​របស់​អ្នក​អាចនឹង​ប្រើប្រាស់​​ទេ។ អ្នក​គួរតែ​ពិនិត្យមើល​​លក្ខខណ្ឌ​ និង​គោលការណ៍​ពាក់ព័ន្ធសម្រាប់​កម្មវិធី សកម្មភាព និង​គេហទំព័រ​ភាគី​ទីបី ដើម្បី​កំណត់​ភាព​សមស្រប​របស់​កម្មវិធី សកម្មភាព និង​គេហទំព័រទាំងនោះសម្រាប់​កូន​របស់​អ្នក រួម​ទាំង​​ការអនុវត្តចំពោះ​ការប្រើប្រាស់ និងការប្រមូល​​ទិន្នន័យ​របស់​កម្មវិធី សកម្មភាព និង​គេហទំព័រ​ទាំងនោះផងដែរ។

ព័ត៌មាន​ដែលយើងប្រមូល

នៅពេលអ្នក​ផ្ដល់ការអនុញ្ញាត​ដល់កូនរបស់អ្នក​ឱ្យមានកម្រងព័ត៌មាន ឬ​គណនី Google ជាទូទៅ​កម្រងព័ត៌មាន ឬគណនី​របស់គាត់​នឹងត្រូវបានចាត់ទុក​ដូចគណនី​របស់អ្នក​ផ្ទាល់ផងដែរ ទាក់ទងនឹង​ព័ត៌មានដែលយើង​ប្រមូល។ ឧទាហរណ៍ យើង​ប្រមូល៖

ព័ត៌មានដែល​អ្នក និងកូន​របស់អ្នក​បង្កើត ឬផ្ដល់ឱ្យយើង។

ជាផ្នែកមួយនៃ​ដំណើរការបង្កើត​កម្រងព័ត៌មាន ឬគណនី យើងអាច​ស្នើសុំ​ព័ត៌មានផ្ទាល់ខ្លួន​ដូចជា នាមខ្លួននិងនាមត្រកូល អាសយដ្ឋានអ៊ីមែល និងថ្ងៃខែឆ្នាំកំណើត​ជាដើម។ យើងប្រមូលព័ត៌មាន​ដែលអ្នក ឬកូនរបស់អ្នកផ្ដល់ឱ្យ​ដូចជា ព័ត៌មាន​ទំនាក់ទំនង​លើអ៊ីនធឺណិត​របស់អ្នក​ដែលចាំបាច់​ចំពោះយើងក្នុងការទាក់ទងអ្នក ដើម្បីស្នើសុំ​ការយល់ព្រម។ យើងក៏​ប្រមូលព័ត៌មាន​ដែលកូនរបស់អ្នក​បង្កើត បង្ហោះ ឬទទួលបានពី​អ្នក​ផ្សេងផងដែរ នៅពេលប្រើប្រាស់​កម្រងព័ត៌មាន ឬគណនី​របស់គាត់ដូចជា នៅពេល​កូន​របស់អ្នក​រក្សាទុក​រូបភាព​នៅក្នុង Google រូបថត ឬបង្កើតឯកសារ​នៅក្នុង Google ថាសជាដើម។

ព័ត៌មានដែលយើង​ទទួលបាន​ពីការប្រើប្រាស់​សេវាកម្ម​របស់យើង​ដោយ​កូនរបស់អ្នក។

យើងប្រមូល និងរក្សាទុកដោយស្វ័យប្រវត្តិ​នូវ​ព័ត៌មានជាក់លាក់អំពីសេវាកម្ម​ដែលកូនរបស់អ្នក​ប្រើប្រាស់ និងរបៀប​ដែលកូនរបស់អ្នក​ប្រើប្រាស់​សេវាកម្ម​ទាំងនោះ​ដូចជា នៅពេល​ដែលកូន​របស់អ្នក​បញ្ចូលសំណួរ​នៅក្នុងម៉ាស៊ីនស្វែងរកនៅលើ Google ឬ Gemini, និយាយទៅកាន់ Google Assistant ឬមើលវីដេអូនៅលើ YouTube Kids ជាដើម។ ព័ត៌មាន​នេះ​រួម​មាន៖

  • ឧបករណ៍ កម្មវិធីរុករកតាមអ៊ីនធឺណិត និងកម្មវិធី​របស់កូនអ្នក

    យើងប្រមូល​ព័ត៌មានអំពីកម្មវិធី កម្មវិធីរុករកតាមអ៊ីនធឺណិត និងឧបករណ៍ដែល​កូនរបស់អ្នក​ប្រើប្រាស់ ដើម្បីចូលប្រើប្រាស់​សេវាកម្ម Google រួមទាំង​ព័ត៌មានកំណត់អត្តសញ្ញាណខុសពីគេ ប្រភេទកម្មវិធីរុករកតាមអ៊ីនធឺណិតនិងការកំណត់ ប្រភេទ​ឧបករណ៍និងការកំណត់ ប្រព័ន្ធប្រតិបត្តិការ ព័ត៌មានអំពីបណ្ដាញទូរសព្ទចល័ត រួមទាំង​ឈ្មោះនិងលេខទូរសព្ទ​របស់ក្រុមហ៊ុនសេវាទូរសព្ទ និងលេខកំណែកម្មវិធី។ យើងក៏​ប្រមូលព័ត៌មាន​អំពីអន្តរកម្មនៃកម្មវិធី កម្មវិធីរុករកតាមអ៊ីនធឺណិត និង​ឧបករណ៍របស់កូនអ្នក​ជាមួយ​សេវាកម្ម​របស់យើង​ផងដែរ រួមទាំង​អាសយដ្ឋាន IP, របាយការណ៍អំពីការគាំង, សកម្មភាពប្រព័ន្ធ និងកាលបរិច្ឆេទ ម៉ោង និង URL របស់​អ្នកណែនាំ​សំណើ​របស់កូនអ្នក។ ឧទាហរណ៍ យើង​ប្រមូលព័ត៌មាន​នេះ នៅពេល​សេវាកម្ម Google នៅលើឧបករណ៍របស់កូនអ្នក​ទាក់ទងម៉ាស៊ីនមេ​របស់យើង​ដូចជា នៅពេល​គាត់ដំឡើង​កម្មវិធីពី Play Store ជាដើម។

  • សកម្មភាព​របស់កូនអ្នក

    យើង​ប្រមូល​ព័ត៌មាន​អំពីសកម្មភាព​របស់កូនអ្នក​នៅក្នុង​សេវាកម្ម​របស់យើង ដែលយើង​ប្រើប្រាស់​ដើម្បីធ្វើអ្វីៗ ដូចជា​ណែនាំ​កម្មវិធីដែល​គាត់ប្រហែលជា​ចូលចិត្ត​នៅលើ Google Play ដោយផ្អែកលើការកំណត់​របស់កូនអ្នក។ អ្នកអាចជ្រើសរើសថាតើ​កូនរបស់អ្នក​អាចគ្រប់គ្រង​ការត្រួតពិនិត្យ​សកម្មភាព​របស់គាត់បានឬអត់។ ព័ត៌មាន​សកម្មភាពរបស់កូនអ្នក​ដែលយើងប្រមូលអាច​រួមបញ្ចូល​អ្វីៗ ដូចជា​ពាក្យស្វែងរក, វីដេអូដែលគាត់មើល, ព័ត៌មានសំឡេង​នៅពេលគាត់ប្រើប្រាស់​មុខងារសំឡេង, មនុស្សដែល​គាត់ប្រាស្រ័យទាក់ទងឬចែករំលែក​ខ្លឹមសារជាមួយ និងប្រវត្តិ​រុករក​តាមអ៊ីនធឺណិតនៅលើ Chrome ដែល​គាត់​បានធ្វើសមកាលកម្ម​ជាមួយ​គណនី Google របស់គាត់។ ប្រសិនបើ​កូនរបស់អ្នក​ប្រើសេវាកម្មរបស់យើង ដើម្បីធ្វើការហៅនិងទទួលទូរសព្ទ ឬផ្ញើនិងទទួលសារ ឧទាហរណ៍​ដោយប្រើ Google Meet យើងអាចប្រមូល​ព័ត៌មានកំណត់ហេតុ​ពាក់ព័ន្ធនឹងសេវាកម្មទូរសព្ទ។ កូនរបស់អ្នក​អាចចូលមើល​គណនី Google របស់គាត់ ដើម្បីស្វែងរក និងគ្រប់គ្រង​ព័ត៌មានសកម្មភាព​ដែលត្រូវបានរក្សាទុក​នៅក្នុងគណនី ឬកម្រងព័ត៌មាន​របស់គាត់ ហើយអ្នកក៏អាច​ជួយគ្រប់គ្រង​ព័ត៌មានសកម្មភាពរបស់គាត់បានផងដែរ ដោយចូល​គណនី Google របស់កូនអ្នក ឬចូលប្រើ​កម្រងព័ត៌មាន​របស់គាត់​នៅក្នុង Family Link។

  • ព័ត៌មានទីតាំង​របស់កូនអ្នក

    យើង​ប្រមូលព័ត៌មានអំពីទីតាំង​របស់កូនអ្នក នៅពេលគាត់​ប្រើប្រាស់​សេវាកម្ម​របស់យើង។ ទីតាំងរបស់កូនអ្នក​អាចត្រូវបានកំណត់​ដោយប្រើប្រាស់ GPS, អាសយដ្ឋាន IP, ទិន្នន័យឧបករណ៍ចាប់សញ្ញា​ពីឧបករណ៍​របស់គាត់ និងព័ត៌មានអំពីអ្វីៗ​ដែល​នៅជិត​ឧបករណ៍របស់គាត់​ដូចជា ដុំភ្ជាប់បណ្ដាញឥតខ្សែ Wi-Fi, បង្គោលអង់តែនទូរសព្ទ និងឧបករណ៍ដែលបើកប៊្លូធូស​ជាដើម។ ប្រភេទ​ទិន្នន័យទីតាំង​ដែលយើង​ប្រមូល ផ្អែកលើ​ឧបករណ៍​របស់កូនអ្នក និងការកំណត់របស់អ្នក​មួយផ្នែក។

  • ព័ត៌មានសំឡេង​របស់កូនអ្នក

    យើង​អាចប្រមូលព័ត៌មាន​សំឡេង​របស់កូនអ្នក។ ឧទាហរណ៍ ប្រសិនបើ​កូនរបស់អ្នក​ប្រើប្រាស់​ការបញ្ជាឱ្យបើកដំណើរការ​សំឡេង (ឧ. “OK, Google” ឬចុចរូបមីក្រូហ្វូន) ការថតសំឡេង/ការនិយាយ​បន្ទាប់នឹង​ត្រូវបានដំណើរការ ដើម្បីឆ្លើយតប​ទៅ​នឹងសំណើ​របស់គាត់។ លើសពីនេះ ប្រសិនបើជម្រើសសកម្មភាពសំឡេងរបស់កូនអ្នកដែលស្ថិតនៅក្រោម​ការកំណត់​សកម្មភាពកម្មវិធី និងគេហទំព័រ​ត្រូវបាន​ធីក នោះការថត​អន្តរកម្មជាសំឡេងរបស់គាត់​ជាមួយ Google Assistant នៅលើ​ឧបករណ៍​ដែលចូលគណនី (បូករួមទាំង​ពីរបីវិនាទី​មុន) អាច​ត្រូវបាន​រក្សាទុក​ទៅក្នុងគណនី​របស់គាត់។

យើង​ប្រើប្រាស់​បច្ចេកវិទ្យាផ្សេងៗ ដើម្បីប្រមូល និងរក្សាទុក​ព័ត៌មាន​របស់កូនអ្នក រួមទាំងខូគី ស្លាកភីកសែល ទំហំផ្ទុកមូលដ្ឋានដូចជា ទំហំផ្ទុកលើ​បណ្ដាញ​របស់កម្មវិធីរុករកតាមអ៊ីនធឺណិត​ឬឃ្លាំង​បម្រុងទិន្នន័យកម្មវិធី មូលដ្ឋានទិន្នន័យ និងកំណត់ហេតុម៉ាស៊ីនមេ​ជាដើម។ យើង​មិនត្រូវការឱ្យ​កូនរបស់អ្នក​ផ្ដល់​ព័ត៌មានផ្ទាល់ខ្លួន​លើសពីអ្វីដែលចាំបាច់​ដោយសមហេតុផល ដើម្បី​ប្រើប្រាស់​ផលិតផល និងសេវាកម្ម Google ដែលមានសម្រាប់​គណនី ឬកម្រងព័ត៌មាន​ទាំងនេះទេ។

របៀបដែល​យើង​ប្រើប្រាស់​ព័ត៌មាន​ដែលយើងប្រមូល

គោលការណ៍ឯកជនភាពរបស់ Google ពន្យល់កាន់តែលម្អិត​អំពីរបៀបដែលយើង​អាចប្រើប្រាស់​ទិន្នន័យដែល Google ប្រមូល​ពាក់ព័ន្ធនឹង​កម្រងព័ត៌មាន ឬគណនី Google របស់កូនអ្នក។ ជាទូទៅ យើង​ប្រើប្រាស់​ព័ត៌មាន​របស់កូនអ្នក៖ ដើម្បីផ្ដល់ រក្សានិងកែលម្អ​សេវាកម្ម​របស់យើង ដើម្បីអភិវឌ្ឍ​សេវាកម្មថ្មីៗ ដើម្បីប្ដូរ​សេវាកម្ម​របស់យើង​តាមបំណង​សម្រាប់កូនរបស់អ្នក ដើម្បីវាស់ស្ទង់​ប្រតិបត្តិការនិងស្វែងយល់​អំពី​របៀបដែល​សេវាកម្ម​របស់យើង​ត្រូវបានប្រើប្រាស់ ដើម្បីទាក់ទង​ជាមួយកូនរបស់អ្នក​ដោយផ្ទាល់ ពាក់ព័ន្ធនឹង​សេវាកម្មរបស់យើង ព្រមទាំង​ដើម្បី​ជួយលើកកម្ពស់សុវត្ថិភាព និងភាពអាចទុកចិត្តបាន​លើសេវាកម្ម​របស់យើង។

យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្សេងៗ ដើម្បី​ដំណើរការ​ព័ត៌មាន​របស់កូនអ្នក​សម្រាប់​គោលបំណង​ទាំងនេះ។ យើង​ប្រើប្រាស់​ប្រព័ន្ធស្វ័យប្រវត្តិ​ដែល​វិភាគខ្លឹមសារ ឬអន្តរកម្មរបស់កូនអ្នក ដើម្បី​ផ្ដល់អ្វីៗ​ដល់គាត់ដូចជា លទ្ធផល​ស្វែងរក​ដែលបានប្ដូរតាមបំណង ឬ​មុខងារផ្សេងទៀត​ដែលកំណត់ឱ្យស្របតាម​របៀបដែល​គាត់ប្រើប្រាស់សេវាកម្ម​របស់យើង​ជាដើម។ ហើយ​យើងវិភាគ​ខ្លឹមសារ​របស់កូនអ្នក ដើម្បីជួយឱ្យយើង​រកឃើញ​ការបំពាន​ដូចជា សារឥតបានការ កម្មវិធី​គ្រោះថ្នាក់ និងខ្លឹមសារខុសច្បាប់​ជាដើម។ យើង​ក៏ប្រើប្រាស់​ក្បួន ដើម្បី​សម្គាល់លំនាំ​នៅក្នុង​ទិន្នន័យ​ផងដែរ។ នៅពេល​យើង​រកឃើញ​សារឥតបានការ កម្មវិធីគ្រោះថ្នាក់ ខ្លឹមសារខុសច្បាប់ និង​ទម្រង់នៃការបំពាន​ផ្សេងទៀត​នៅលើ​ប្រព័ន្ធរបស់យើង​ដែលបំពានលើ​គោលការណ៍​របស់យើង នោះយើងអាចបិទ​កម្រងព័ត៌មានឬគណនីរបស់គាត់ ឬចាត់វិធានការ​សមស្រប​ផ្សេងទៀត។ នៅក្នុង​កាលៈទេសៈ​មួយចំនួន យើង​ក៏អាចរាយការណ៍អំពី​ការបំពាននេះ​ទៅអាជ្ញាធរ​សមស្រប​ផងដែរ។

ផ្អែកលើ​ការកំណត់​របស់កូនអ្នក យើងអាច​ប្រើប្រាស់​ព័ត៌មាន​របស់កូន​អ្នក ដើម្បី​ផ្ដល់​ការណែនាំ ខ្លឹមសារ​ដែល​មានលក្ខណៈផ្ទាល់ខ្លួន និង​លទ្ធផល​ស្វែងរក​ដែលបានប្ដូរ​តាម​បំណង។ ឧទាហរណ៍ ផ្អែកលើ​ការកំណត់​របស់កូន​អ្នក Google Play អាច​ប្រើប្រាស់​ព័ត៌មាន ដូចជា​កម្មវិធី​ដែលកូន​របស់​អ្នក​បានដំឡើង ដើម្បី​ណែនាំ​កម្មវិធី​ថ្មីៗដែល​គាត់អាច​ចូលចិត្ត។

លើសពីនេះ​ទៀត ផ្អែកលើ​ការកំណត់​របស់កូន​អ្នក យើង​អាចដាក់​ព័ត៌មាន​ដែលយើង​ប្រមូល​ក្នុងចំណោម​សេវាកម្ម​របស់យើង និងនៅក្នុង​ឧបករណ៍​របស់កូនអ្នក​ចូលគ្នា​សម្រាប់​គោលបំណង​ដែលបានរៀបរាប់​ខាងលើ។ ផ្អែកលើ​ការកំណត់​កម្រង​ព័ត៌មាន ឬ​គណនី​របស់​កូន​អ្នក សកម្មភាពរបស់​គាត់​នៅលើ​គេហទំព័រ និង​កម្មវិធី​ផ្សេង​ទៀត អាច​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​គាត់ ដើម្បី​កែ​លម្អ​សេវាកម្ម Google។

Google នឹងមិនបង្ហាញ​ការផ្សាយពាណិជ្ជកម្ម​ដែលមានលក្ខណៈផ្ទាល់ខ្លួន​ដល់កូនរបស់អ្នកទេ ដែលមានន័យថា​ការផ្សាយពាណិជ្ជកម្ម​នឹងមិនផ្អែកលើ​ព័ត៌មានពី​កម្រងព័ត៌មាន ឬគណនី​របស់កូនអ្នកឡើយ។ ផ្ទុយទៅវិញ ការផ្សាយពាណិជ្ជកម្ម​អាចអាស្រ័យលើ​ព័ត៌មានដូចជា ខ្លឹមសារគេហទំព័រ ឬកម្មវិធីដែល​កូនរបស់អ្នក​កំពុងមើល សំណួរស្វែងរកបច្ចុប្បន្ន ឬទីតាំងទូទៅ (ដូចជាទីក្រុង ឬរដ្ឋជាដើម)។ នៅពេល​រុករក​នៅលើអ៊ីនធឺណិត ឬប្រើប្រាស់​កម្មវិធីមិនមែនជារបស់ Google កូនរបស់អ្នក​អាចឃើញ​ការផ្សាយពាណិជ្ជកម្ម​របស់​អ្នកផ្សាយពាណិជ្ជកម្ម​ផ្សេងទៀត (មិនមែនជារបស់ Google) រួមទាំង​ការផ្សាយពាណិជ្ជកម្ម​ដែលមានលក្ខណៈផ្ទាល់ខ្លួន​របស់ភាគីទីបី។

ព័ត៌មានដែល​កូនរបស់អ្នក​អាចចែករំលែក

កូនរបស់អ្នក​ប្រហែលជាអាច​ចែករំលែកព័ត៌មាន រួមទាំង​រូបថត វីដេអូ សំឡេង និងទីតាំង​ជាសាធារណៈ​និងជាមួយអ្នកផ្សេងទៀត នៅពេល​ចូលកម្រងព័ត៌មាន ឬគណនី Google របស់គាត់។ នៅពេល​កូនរបស់អ្នក​ចែករំលែក​ព័ត៌មានជាសាធារណៈ ព័ត៌មាននោះ​អាចចូលប្រើប្រាស់បាន​តាមរយៈ​ម៉ាស៊ីនស្វែងរកដូចជា ម៉ាស៊ីនស្វែងរកនៅលើ Google ជាដើម។

ព័ត៌មានដែល Google ចែករំលែក

ព័ត៌មាន​ដែលយើងប្រមូល​អាចត្រូវបានចែករំលែក​ទៅខាងក្រៅ Google ក្នុងស្ថានភាព​មួយចំនួនតូច។ យើង​មិនចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​ជាមួយ​ក្រុមហ៊ុន ស្ថាប័ន និងបុគ្គល​នៅក្រៅ Google ទេ លើកលែងតែ​ករណី​ខាងក្រោម៖

ដោយមានការយល់ព្រម

យើង​នឹងចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​ទៅខាងក្រៅ Google ដោយមានការយល់ព្រម (ប្រសិនបើមាន)។

ជាមួយ​ក្រុមគ្រួសារ​របស់អ្នក

ព័ត៌មាន​របស់កូនអ្នក រួមទាំង​ឈ្មោះ រូបថត អាសយដ្ឋានអ៊ីមែល និងការទិញនៅលើ Play របស់គាត់ អាចត្រូវបានចែករំលែក​ជាមួយ​សមាជិកក្រុមគ្រួសារ​របស់អ្នក​នៅលើ Google។

សម្រាប់​ការដំណើរការ​ខាងក្រៅ

យើងផ្ដល់​ព័ត៌មានផ្ទាល់ខ្លួន​ទៅកាន់ក្រុមហ៊ុនសម្ព័ន្ធ​របស់យើង ឬអាជីវកម្មឬ​បុគ្គលដែលទុកចិត្តផ្សេងទៀត ដើម្បីដំណើរការ​ព័ត៌មាននេះឱ្យយើង ដោយផ្អែកលើ​ការណែនាំ​របស់យើង និងអនុលោមតាម​ការជូនដំណឹងអំពីឯកជនភាពនេះ, គោលការណ៍ឯកជនភាព Google និងវិធានការ​សមស្រប​ផ្សេងទៀតស្ដីពី​ការរក្សាការសម្ងាត់ និងការរក្សាសុវត្ថិភាព។

សម្រាប់​មូលហេតុ​ផ្លូវច្បាប់

យើងនឹង​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​ជាមួយក្រុមហ៊ុន ស្ថាប័ន ឬបុគ្គល​ខាងក្រៅ Google ប្រសិនបើ​យើងមាន​ការជឿជាក់​ដោយភាពស្មោះត្រង់ថា ការចូលប្រើប្រាស់ ការប្រើប្រាស់ ការរក្សាទុក ឬ​ការបញ្ចេញព័ត៌មាននេះ​មានភាពចាំបាច់​ដោយសមហេតុផល ដើម្បី៖

  • បំពេញ​តាមសំណើរដ្ឋាភិបាលដែលអាចអនុវត្តបាន ដំណើរការផ្លូវច្បាប់ បទប្បញ្ញត្តិ ឬច្បាប់ជាធរមាន

  • អនុវត្ត​លក្ខខណ្ឌប្រើប្រាស់​ជាធរមាន រួមទាំង​ការស៊ើបអង្កេតការបំពាន​ដែលអាចកើតមាន

  • រកមើល ទប់ស្កាត់ ឬក៏ដោះស្រាយបញ្ហា​គៃបន្លំ សន្តិសុខ ឬបច្ចេកទេស

  • ការពារប្រឆាំងនឹង​ការប៉ះពាល់​ដល់សិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាព​របស់ Google, អ្នកប្រើប្រាស់​របស់យើង ឬសាធារណជន​តាមការទាមទារ ឬដោយមាន​ការអនុញ្ញាតដោយច្បាប់។

យើង​ក៏អាចចែករំលែក​ព័ត៌មានដែល​មិនអាច​បញ្ជាក់អត្តសញ្ញាណបុគ្គលបាន (ដូចជានិន្នាការអំពី​ការប្រើប្រាស់សេវាកម្ម​របស់យើងជាទូទៅ) ជាសាធារណៈ និង​ជាមួយ​ដៃគូ​របស់យើង​ផងដែរ​ដូចជា អ្នកបោះពុម្ពផ្សាយ អ្នកផ្សាយពាណិជ្ជកម្ម អ្នកអភិវឌ្ឍន៍ ឬម្ចាស់កម្មសិទ្ធិ​ជាដើម។ ឧទាហរណ៍ យើង​ចែករំលែក​ព័ត៌មាន​ជាសាធារណៈ ដើម្បីបង្ហាញ​និន្នាការ​អំពី​ការប្រើប្រាស់​សេវាកម្ម​របស់​យើងជាទូទៅ។ យើង​ក៏អនុញ្ញាតឱ្យ​ដៃគូជាក់លាក់​ប្រមូលព័ត៌មាន​ពីកម្មវិធីរុករកតាមអ៊ីនធឺណិត ឬឧបករណ៍​សម្រាប់​គោលបំណង​ផ្សាយពាណិជ្ជកម្ម និង​វាស់ស្ទង់​ផងដែរ ដោយប្រើប្រាស់​ខូគី​របស់ពួកគេផ្ទាល់ ឬ​បច្ចេកវិទ្យា​ដែល​ស្រដៀងគ្នា។

ចូលប្រើប្រាស់​ព័ត៌មានផ្ទាល់ខ្លួន​របស់កូនអ្នក

ប្រសិនបើ​កូនរបស់អ្នក​មាន​គណនី Google អ្នក​អាចចូលប្រើប្រាស់ ធ្វើបច្ចុប្បន្នភាព លុប នាំចេញ និងដាក់កំហិតលើ​ការដំណើរការ​ព័ត៌មានរបស់កូនអ្នក​ដោយ​ចូលគណនី Google របស់គាត់។ ប្រសិនបើអ្នក​មិនចងចាំពាក្យសម្ងាត់​របស់កូនអ្នកទេ អ្នកអាច​កំណត់ពាក្យសម្ងាត់នោះ​ឡើងវិញ​តាមរយៈ​កម្មវិធី Family Link ឬការកំណត់ Family Link នៅលើ​បណ្ដាញ។ នៅពេល​ចូលរួច អ្នកអាចប្រើ​ការគ្រប់គ្រងផ្សេងៗ​ដែលបានរៀបរាប់នៅក្នុង​គោលការណ៍ឯកជនភាព Google ដូចជាការត្រួតពិនិត្យសកម្មភាព Google ដើម្បីជួយគ្រប់គ្រង​ព័ត៌មាន និងការកំណត់ឯកជនភាព​របស់កូនអ្នក។

ប្រសិនបើ​កូនរបស់អ្នក​មានកម្រងព័ត៌មាន អ្នកអាច​ចូលប្រើប្រាស់ ធ្វើបច្ចុប្បន្នភាព លុប នាំចេញ និងដាក់កំហិត​លើការដំណើរការ​ព័ត៌មានរបស់កូនអ្នក​តាមរយៈ​កម្មវិធី Family Link ឬការកំណត់ Family Link នៅលើបណ្ដាញ

កូនរបស់អ្នក​នឹងមានលទ្ធភាព​លុបសកម្មភាពមុនៗ​របស់គាត់​នៅក្នុង "សកម្មភាពរបស់ខ្ញុំ" និងតាមលំនាំដើម ផ្ដល់​ការអនុញ្ញាតកម្មវិធី (រួមទាំងអ្វីៗដូចជា ទីតាំងឧបករណ៍ មីក្រូហ្វូន ឬទំនាក់ទំនង) ដល់ភាគីទីបី។ អ្នក​ក៏អាចប្រើប្រាស់ Family Link ដើម្បី​កែព័ត៌មានកម្រងព័ត៌មាន ឬគណនី Google របស់កូនអ្នក, ត្រួតពិនិត្យសកម្មភាពកម្មវិធី និងការអនុញ្ញាតកម្មវិធី ព្រមទាំង​គ្រប់គ្រងលទ្ធភាព​របស់កូនអ្នក​ក្នុងការផ្ដល់ការអនុញ្ញាត​មួយចំនួនឱ្យកម្មវិធី ឬ​សេវាកម្មភាគីទីបី​ចូលប្រើប្រាស់​ព័ត៌មាន​របស់កូនអ្នក​ផងដែរ។

ប្រសិនបើ​នៅពេលណាមួយ អ្នកចង់បញ្ឈប់​ការប្រមូល ឬ​ប្រើប្រាស់​ព័ត៌មាន​របស់កូនអ្នក​តទៀត អ្នកអាចលុប​កម្រង​ព័ត៌មាន ឬគណនី Google របស់កូនអ្នក​ដោយចុច “លុប​គណនី” ឬ “លុប​កម្រងព័ត៌មាន” នៅលើទំព័រ​ព័ត៌មាន​កម្រងព័ត៌មាន ឬ​គណនី​របស់កូនអ្នក​នៅក្នុង​កម្មវិធី Family Link ឬការកំណត់ Family Link នៅលើ​បណ្ដាញ។ ព័ត៌មាន​កម្រងព័ត៌មាន ឬគណនីរបស់កូនអ្នក​នឹងត្រូវបានលុប​ជាអចិន្ត្រៃយ៍​ក្នុងរយៈពេល​សមស្របមួយ។

ទាក់ទង​យើង​ខ្ញុំ

ប្រសិនបើ​អ្នកមាន​សំណួរ​ណាមួយអំពី​កម្រងព័ត៌មាន ឬគណនី Google របស់កូនអ្នក សូមទាក់ទងមក​យើង។ យើងនៅទីនេះ​ដើម្បីជួយ។ អ្នកអាច​រកឃើញ​ព័ត៌មានបន្ថែមអំពី Family Link និងកម្រងព័ត៌មានឬគណនី Google របស់កូនអ្នក​នៅក្នុង​មជ្ឈមណ្ឌលជំនួយ​របស់យើង។ អ្នកក៏អាច​ផ្ញើមតិកែលម្អ​មកយើង​អំពី Family Link ឬកម្រងព័ត៌មានឬគណនី Google របស់កូនអ្នក​នៅក្នុងកម្មវិធី Family Link ផងដែរ ដោយ​ចុចម៉ឺនុយ ☰ > ជំនួយ និងមតិកែលម្អ > ផ្ញើមតិកែលម្អ ឬដោយ​ទាក់ទងមកយើង​តាមរយៈអ៊ីមែល ឬតាមរយៈ​អាសយដ្ឋាន​ខាងក្រោម។

Google
1600 Amphitheatre Parkway
Mountain View, CA 94043 សហរដ្ឋអាមេរិក
ទូរសព្ទ៖ +1 855 696 1131 (សហរដ្ឋអាមេរិក)
សម្រាប់​ប្រទេស​ផ្សេងទៀត សូមចូលទៅកាន់ g.co/FamilyLink/Contact

ប្រសិនបើ​អ្នកមានសំណួរ​អំពីរបៀបដែល Google ប្រមូល និងប្រើទិន្នន័យ​របស់កូនអ្នក អ្នកអាច​ទាក់ទង Google និងការិយាល័យ​ការពារទិន្នន័យ​របស់យើង។ អ្នកក៏អាច​ទាក់ទង​អាជ្ញាធរការពារទិន្នន័យ​នៅតាមមូលដ្ឋាន​របស់អ្នក​ផងដែរ ប្រសិនបើអ្នក​មានកង្វល់ទាក់ទងនឹង​សិទ្ធិរបស់អ្នក​ក្រោមច្បាប់ក្នុងស្រុក។

មើល​គោលការណ៍​បញ្ចេញព័ត៌មាន Family Link សម្រាប់កុមារ​ដែល​មានអាយុក្រោម 13 ឆ្នាំ (ឬអាយុដែលបានកំណត់​នៅក្នុងប្រទេស​របស់អ្នក)

កម្មវិធី Google
ម៉ឺនុយដើម